មោទនភាពជាតិខ្មែរ! ទូកង «កម្ពោជិកបុត្តាខេមរាតរី» ជាប់កំណត់ត្រា Guinness ជាទូកងវែងជាងគេលើពិភពលោក

មោទនភាពជាតិខ្មែរ! ទូកង «កម្ពោជិកបុត្តាខេមរាតរី» ជាប់កំណត់ត្រា Guinness ជាទូកងវែងជាងគេលើពិភពលោក
បរទេស៖ មានដំណឹងគួរឲ្យភ្ញាក់ផ្អើល ដែលនៅលើគេហទំព័រជាផ្លូវការរបស់ guinness បានចុះផ្សាយ រាយការណ៍មកថា ទូកងកម្ពុជាមួយ ដែលមានឈ្មោះ «កម្ពោជិកបុត្តាខេមរាតរី» បានជាប់កំណត់ត្រពិភពលោក ដែលជាទូកងវែងជាងគេបង្អស់នៅលើពិភពលោក។
ទូកងដែលវែងជាងគេលើលោកមួយនេះ មានប្រវែងរហូត ៨៧.៣ ម៉ែត្រ ហើយត្រូវបានសម្រេចជោគជ័យក្នុងការផលិតដោយ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តព្រៃវែង និងរដ្ឋបាលខេត្តព្រៃវែង (ជនជាតិកម្ពុជាធ្វើទាំងអស់) នៅក្នុងខេត្តព្រៃវែងប្រទេសកម្ពុជាផ្ទាល់តែម្តងដែលសម្រេចរួចជាស្ថាពរ នៅថ្ងៃទី ១២ ខែវិច្ឆិកា កាលពីឆ្នាំ ២០១៨ ។
ទន្ទឹមនឹងនេះដែរ ទូកងមួយនេះ អាចផ្ទុកអ្នកជិះទូករហូតដល់ទៅ ១៧៩ នាក់។ នៅចំកណ្តាលរបស់វា ទទឹងទូកមួយនេះ វាមានប្រវែងរហូតដល់ ១៩៣ សង់ទីមែត្រ ដែលមានជម្រៅ ៨៣ សង់ទីមែត្រ។ ទម្ងន់របស់វា ត្រូវបានគេប៉ាន់ប្រមាណថាមានចំនួន ១២.១០២ គីឡូក្រាមឯណោះ ។
គួរបញ្ជាក់ផងដែរ ទូកងបុរាណនេះ ត្រូវបានគេយកមកប្រើប្រាស់ នៅសម័យបុរាណ ដើម្បីការពារទឹកដី និងនគរ ជៀសវាងការរំលោភឈ្លានពានពីសត្រូវ ហេតុដូច្នេះ គេត្រូវបានធ្វើឡើងដើម្បីអភិរក្សវប្បធម៌បុរាណ នៃការផលិតទូកងដូច្នេះដែរ។